ពិធីប្រគល់-ទទួលសម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តស្វាយរៀង
ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦
សាលាខេត្តស្វាយរៀង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម លោកជំទាវ អ៊ុយ ច័ន្ទនិមល អគ្គនាយករងនៃមូលនិធីជាតិជំនួយសង្គម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង“ពិធីប្រគល់-ទទួលសម្ភារៈឌីជីថល សម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា ក្នុងខេត្តស្វាយរៀង” ដែលសហការរៀបចំដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ជាមួយរដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានលេខាធិការដ្ឋាន អ.ប.ប. និងឯកឧត្តម ញ៉ែម សារី អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីលោកប្រធាននាយកដ្ឋានជំនាញ នៃមូលនិធិជាតិជំនួយសង្គម និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ត្រីឃុំ សង្កាត់ សរុបប្រមាណ ៣០០ រូប។
ក្នុងពិធីនេះ ឃុំ សង្កាត់ចំនួន ៨០ ទូទាំងខេត្តស្វាយរៀង ទទួលបានសម្ភារៈឌីជីថលចំនួន ១ឈុត ក្នុង ១ឃុំ សង្កាត់ ដែលរួមមានកុំព្យូទ័រយួរដៃដែលមានសមត្ថភាពខ្ពស់ ម៉ាស៊ីនព្រីនពណ៌ កាមេរ៉ាថតឯកសារ និងឧបករណ៍ស្កេនខ្ចៅដៃ ដែលមិនត្រឹមតែបម្រើឱ្យការផ្តល់សេវាគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា កាន់តែទំនើប និងងាយស្រួលប៉ុណ្ណោះទេតែក៏អាចជួយគាំទ្រការផ្តល់សេវារដ្ឋបាលសាធារណៈទូទៅផងដែរ។

















