កិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីពិនិត្យរបាយការណ៍លទ្ធផលនៃការធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៅមូលនិធិជាតិជំនួយសង្គម សម្រាប់ការិយបរិច្ឆេទ២០២៤
ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦៖ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានចូលរួមកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍លទ្ធផលនៃការធ្វើសវនកម្មលើការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ នៅមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) សម្រាប់ការិយបរិច្ឆេទ២០២៤ ក្រោមការដឹកនាំដោយឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យឡើងវិញនូវអនុសាសន៍របស់អាជ្ញាធរសវនកម្មជាតិ ពិភាក្សាលើទិដ្ឋភាពនានាពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូល ចំណាយថវិកា និងទ្រព្យសម្បត្តិរដ្ឋរបស់ ម.ជ.ជ. និងស្វែងយល់ពីវឌ្ឍនភាពនៃការកែលម្អស្របតាមអនុសាសន៍របស់អាជ្ញាធរសវនកម្មជាតិ។ ការផ្លាស់ប្តូរយោបល់លើការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលរបស់ ម.ជ.ជ. និងការបណ្តុះបណ្តាលសមត្ថភាពផងដែរ សំដៅគាំទ្រដល់ការអនុវត្តការងារ ជាពិសេសការធ្វើបច្ចុប្បន្នភាព និងការផ្ទៀងផ្ទាត់ទិន្នន័យឣតីតមន្ត្រីរាជការសីវិល និងឣតីតយុទ្ធជន ឱ្យកាន់តែមានសុក្រឹតភាព តម្លាភាព និងគណនេយ្យភាព ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម និងមូលនិធិជាតិជំនួយសង្គម។

















