កិច្ចប្រជុំបិទវគ្គសវនកម្មលើការអនុលោមតាមច្បាប់ និងបទបញ្ញតិ្តនៅមូលនិធិជាតិជំនួយសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៥ និងឆ្នាំពាក់ព័ន្ធ
ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦
ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឣញ្ជើញចូលរួមកិច្ចប្រជុំបិទវគ្គសវនកម្មលើការអនុលោមតាមច្បាប់ និងបទបញ្ញតិ្តនៅមូលនិធិជាតិជំនួយសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៥ និងឆ្នាំពាក់ព័ន្ធ ជាមួយនឹងឣាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយឯកឧត្តម ងី វណ្ណឌី អគ្គលេខាធិការរងនៃអាជ្ញាធរសវនកម្មជាតិ ឣមដោយលោក សុក សុគន្ធី អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសវនកម្មទី៣ នៃអាជ្ញាធរសវនកម្មជាតិ និងជាប្រធានគណៈប្រតិភូ។
ជាលទ្ធផលនៃការចុះធ្វើសវនកម្ម អាជ្ញាធរសវនកម្មជាតិ បានយល់ឃើញថា ទោះក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក នៅមិនទាន់មានភាពនឹងនរយ៉ាណាក៏ដោយ មូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) បានខិតខំអនុវត្តតួនាទី និងភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះ មូលនិធិជាតិជំនួយសង្គម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អាជ្ញាធរសវនកម្មជាតិ និងគណៈប្រតិភូសនវកម្ម ដែលបានផ្តល់នូវអនុសាសន៍លើចំនុចខ្វះចន្លោះ ដើម្បីមូលនិធិជាតិជំនួយសង្គម ធ្វើការកែលម្អតាមអនុសាសន៍សវនកម្ម សំដៅពង្រឹងប្រសិទ្ធភាពការងារបន្ថែមទៀត។ មូលនិធិជាតិជំនួយសង្គម នឹងរង់ចាំទទួលនូវ របាយការណ៍ សវនកម្មបឋម ដើម្បីធ្វើការឆ្លើយបំភ្លឺជាមួយនឹងការដាក់ចេញនូវវិធានការកែលម្អជាក់លាក់ ជាលាយលក្ខណ៍អក្សរ ស្របតាម កាលបរិច្ឆេទកំណត់។
សមាសភាពអញ្ជើញចូលរួមកិច្ចប្រជុំបិទវគ្គសវនកម្មនេះ មានលោកជំទាវ លោក លោកស្រីឣគ្គនាយករង លោកប្រធាននាយកដ្ឋាន /ឣង្គភាព ព្រមទាំងមន្ត្រីពាក់ព័ន្ធនៃម.ជ.ជ.។

















