កិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង «ប្រកាស ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអ្នកទទួលផលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃមូលនិធិជាតិជំនួយសង្គម»
ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៦
ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម បានឣញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាង «ប្រកាស ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអ្នកទទួលផលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃមូលនិធិជាតិជំនួយសង្គម» ក្នុងគោលបំណងកែសម្រួលលើបទបញ្ជាផ្ទៃក្នុងស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលរបស់មូលនិធិជាតិជំនួយសង្គម ត្រូវបានរៀបចំឡើងដើម្បីកំណត់គោលការណ៍ វិធានការ និងនីតិវិធីក្នុងការប្រមូល រក្សាទុក ប្រើប្រាស់ ចែករំលែក និងការពារទិន្នន័យអត្តសញ្ញាណបុគ្គលឱ្យមានសុវត្ថិភាព តម្លាភាព និងអនុលោមតាមច្បាប់។ បទបញ្ជានេះកំណត់សិទ្ធិ និងកាតព្វកិច្ចរបស់ម្ចាស់ទិន្នន័យ អ្នកគ្រប់គ្រងទិន្នន័យ អ្នកដំណើរការទិន្នន័យ និងអ្នកប្រើប្រាស់ទិន្នន័យ ព្រមទាំងកំណត់វិធានការសន្តិសុខបច្ចេកវិទ្យា ការគ្រប់គ្រងសិទ្ធិចូលប្រើប្រាស់ ការបម្រុងទុកទិន្នន័យ ការប្រើប្រាស់ប្រព័ន្ធអ៊ីនគ្រីប និងការតែងតាំងមន្ត្រីការពារទិន្នន័យ ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ បទបញ្ជាក៏បានកំណត់ទណ្ឌកម្ម និងការទទួលខុសត្រូវចំពោះការប្រើប្រាស់ ឬការបង្ហាញទិន្នន័យខុសពីគោលបំណង ឬផ្ទុយនឹងបទប្បញ្ញត្តិជាធរមាន។ កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពី លោក លោកស្រីឣគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋានព្រមទាំងមន្ត្រីពាក់ព័ន្ធនៃម.ជ.ជ. ។

















