កិច្ចប្រជុំពិភាក្សាកម្រិតបច្ចេកទេស នៃ “គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំកំណត់ទុនគ្រាដំបូង របស់មូលនិធិជាតិជំនួយសង្គម ដែលត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា”
ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦
នាព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម និងជាអនុប្រធានគណៈកម្មការអន្ដរក្រសួង លោកជំទាវ អ៊ុយច័ន្ទនិមល អគ្គនាយករង និងជាសមាជិកគណៈកម្មការអន្ដរក្រសួង បានទទួលជួបប្រជុំពិភាក្សាកម្រិតបច្ចេកទេស នៃ “គណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំកំណត់ទុនគ្រាដំបូង របស់មូលនិធិជាតិជំនួយសង្គម ដែលត្រូវបានបង្កើតជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ក្រោមអាណាព្យាបាលបច្ចេកទេស នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា” ជាមួយនឹងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានលោក សូរ សារិទ្ធ លោក ស្វាយ គុណ្ណាវុទ្ធ អនុប្រធាននាយកដ្ឋានសហគ្រាសសាធារណៈ និងលោកស្រី គូ រង្សី ប្រធានការិយាល័យសហគ្រាស នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាសមាជិកគណៈកម្មការអន្ដរក្រសួង ផងដែរ។ ការពិភាក្សា ផ្តោតទៅលើ៖
១.ការពិនិត្យបូកសរុបចលនទ្រព្យ និងអចលនទ្រព្យ ស្ថានភាពឥណទេយ្យ បំណុល រតនវត្ថុ និងទ្រព្យសម្បត្តិដទៃផ្សេងទៀតទាំងអស់របស់មូលនិធិជាតិជំនួយសង្គម គិតមកត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥
២.រៀបចំបូកសរុបតារាងចលនទ្រព្យ និងអចលនទ្រព្យ ព្រមទាំងមធ្យោបាយធ្វើដំណើរ (យានយន្ត និងទោចក្រយានយន្ត) ដែលចាស់ទ្រុឌទ្រោម និងផុតអាយុកាលប្រើប្រាស់ ដែលត្រូវជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
៣.រៀបចំបូកសរុបតារាងមធ្យោបាយធ្វើដំណើរ (យានយន្ត) ដែលត្រូវរក្សាទុក និងផ្ទេរការប្រើប្រាស់ ទៅតាមគោលការណ៍ និងនីតិវិធីកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជាធរមាន
៤.ការត្រៀមលក្ខណៈចុះធ្វើសារពើភណ្ឌ ត្រួតពិនិត្យ និងវាយតម្លៃឡើងវិញនូវចលនទ្រព្យ និងអចលនទ្រព្យ ស្ថានភាពឥណទេយ្យ បំណុល រតនវត្ថុ និងទ្រព្យសម្បត្តិដទៃផ្សេងទៀតទាំងអស់របស់មូលនិធិជាតិជំនួយសង្គម នៅតាមបណ្តានាយកដ្ឋាន/អង្គភាព និងសាខាមូលនិធិជាតិជំនួយសង្គមទាំង២៥ រាជធានី-ខេត្តចំណុះឱ្យមូលនិធិជាតិជំនួយសង្គម ដើម្បីដាក់ជូនគណៈកម្មការអន្តរក្រសួង ពិនិត្យ និងសម្រេច
៥.រៀបចំតារាងតុល្យការចាប់ផ្តើមកំណត់ទុនគ្រាដំបូងសម្រាប់ការិយបរិច្ឆេទថ្ងៃទី១ ខែមករា ឆ្នាំ២០២៦
៦.ការពិនិត្យលើទម្រង់កំណត់ហេតុ និងខ្លឹមសាររបាយការណ៌ ដើម្បីដាក់ជូនគណៈកម្មការអន្ដរក្រសួង និងក្រសួងអាណាព្យាបាលទាំង២ (ក.ហ.ស.វ និងក.ស.អ.យ)
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការ
អន្ដរក្រសួង និងតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមន្ដ្រីជំនាញពាក់ពន្ធ័របស់មូលនិធិជាតិជំនួយសង្គម។

















